Header Ads

តើស្រ្តីមានផ្ទៃពោះ គួរយកចិត្តទុកដាក់ខ្ពស់លើរបបអាហារប្រភេទណាខ្លះ? ហើយអាហារអ្វីខ្លះគួរជៀសវាង?(សូមអានអត្ថបទនេះ)

ស្រ្តីមានផ្ទៃពោះ គួរយកចិត្តទុកដាក់ខ្ពស់លើរបបអាហារ!
(Pregnancy healthy foods)


ក្នុងពេលពរពោះ ស្ត្រីគួរមានការយកចិត្តទុកដាក់ខ្ពស់ទៅលើរបប និងប្រភេទចំណីអាហារ ពីព្រោះការបរិភោគ អាហារត្រឹមត្រូវ ធ្វើអោយកូនក្នុងផ្ទៃមានការលូតលាស់ល្អ និងកូនកើតមកឆ្លាតវៃ។ ផ្ទុយទៅវិញ បើស្រ្តីបរិភោគអាហារមិនត្រឹមត្រូវទេ អាចមានការប៉ះពាល់ធ្ងន់ធ្ងរ ដល់សុខភាពកូនក្នុងផ្ទៃ និងសុខភាពកូនពេលកើតមក។
ដោយមានការបំរែបំរួលសរីរាង្គរបស់ស្រ្តីក្នុងពេលពរពោះ អង្គការពារខ្លួនរបស់ស្រ្តីនឹងធា្លក់ចុះ ធ្វើអោយអាហារមួយចំនួនដែលធ្លាប់បរិភោគពីមុន អាចនឹងមានផលប៉ះពាល់នៅពេលបរិភោគ ក្នុងពេលមានផ្ទៃពោះ។



ក) ទាក់ទងទៅនឹងប្រភេទ និងរបបអាហារ កំឡុងមានផ្ទៃពោះស្រ្តីគួរប្រតិបត្តិដូចតទៅ៖
- បរិភោគអាហារអោយបាន គ្រប់មុខ មានទាំងបន្លែ សាច់ សុ៑ត គ្រាប់ធញ្ញជាតិ និងផ្លែឈើ។ ក្នុង១ថ្ងៃ ស្រ្តីគួរបរិភោគយ៉ាងហើចអោយបានបន្លែ៥មុខ និងផ្លែឈើ៥មុខ ហើយផ្លាស់ប្តូរគ្នាជារៀងរាល់ថ្ងៃ ព្រោះអាហារដែលមានពណ៌ខុសៗគ្នា ផ្ទុកនូវវីតាមីន ជាតិមីនេរាល់និងប្រូតេអីនផ្សេងៗគ្នា។
- បរិភោគអាហារដែលចំអិនឆ្អិនល្អ ទាំងសាច់ ស៊ុត និងបន្លែ។ ផ្លែឈើត្រូវលាងអោយស្អាត មុននឹងបរិភោគ។
- បរិភោគអាហារដែលមានវីតាមីន C និងអាស៊ីតហ្វូលីកអោយបានគ្រប់គ្រាន់ ក្នុងរយៈពេល ១២ សប្តាហ៍ដំបូង។

- ជ្រើសរើសអាហារណាដែលមានជាតិសរសៃច្រើនដូចជា នំបុ័ង សេរេអាល់ គ្រាប់សណ្តែក បន្លែពណ៌បៃតង។
- ត្រូវបរិភោគអាហារ ឬភេសជ្ជៈដែលមានផ្ទុកនូវជាតិកាល់ស្យូមច្រើន យ៉ាងតិចអោយបាន 1000-1300 មីលីក្រាមក្នុងមួយថ្ងៃ ក្នុងពេលមានផ្ទៃពោះ។
- ត្រូវបរិភោគអាហារណាដែលមានជាតិដែកអោយបានយ៉ាងតិច 27 មីលីក្រាមក្នុងមួយថ្ងៃ។ អាហារទាំងនោះមានដូចជា សាច់ក្រហមសុទ្ធ ស្ពៃខៀវ គ្រាប់សណ្តែក និងសេរេអាល់។

- ត្រូវបរិភោគអាហារដែលមានជាតិអ៊ីយ៉ូដអោយបានយ៉ាងតិច 220 មីក្រូក្រាម ដើម្បីជួយក្នុងការលូតលាស់ខួរក្បាលកូន។ អាហារទាំងនោះមានដូចជាទឹកដោះគោ ឈីស យោហ្គឺត(yogurt) និងអាហារសមុទ្រមួយចំនួនដូចជាត្រីសមុទ្រ ត្រីសាល់ម៉ុង បង្គា ។

- ត្រូវបរិភោគអាហារដែលមានជាតិវីតាមីនសេ រាល់ថ្ងៃយ៉ាងតិច 80-85មីលីក្រាមក្នុងមួយថ្ងៃ។ អាហារទាំងនោះមានដូចជា ក្រូច មឺឡុង ទំពាំងបាយជូ ស្តរបូរី ល្ហុង ប៉េងប៉ោះ ម្ទេសខៀវ ផ្កាខាត់ណា ប្រូកូលី ស្ពៃក្តោបពណ៌ខៀវ សាឡាត់ខៀវ និងស្ពៃខៀវ។

- ត្រូវបរិភោគអាហារដែលមានជាតិហ្វូឡាត ឬអាស៊ីតហ្វូលីក រាល់ថ្ងៃយ៉ាងតិច 0.64មីលីក្រាមក្នុងមួយថ្ងៃ ដើម្បីជួយការពារ ការរបើកឆ្អឹងកងខ្នងកូនពីកំនើត ដែលអាចអោយកូនមានភាពពិការជើងទាំងសងខាង។ អាហារទាំងនោះមានដូចជា បន្លែបៃតង សាច់សុទ្ធ គ្រាប់សណ្តែកជាដើម។
- ត្រូវបរិភោគអាហារដែលមានជាតិវីតាមីនអា រាល់ថ្ងៃដូចជា ការ៉ុត ល្ពៅ ដំឡូងក្រហម ស្ពៃខៀវ ននោង ស្លឹកបន្លែដែលមានមើម និងផ្លែមឺឡុង។


ខ) អាហារដែលស្រ្តីមានផ្ទៃពោះត្រូវជៀសវាងមានដូចជា៖
- ជាតិអាល់កុល: ព្រោះវាអាចបណា្តលអោយមានការសំរាលកូនមុនខែ បាត់បង់នូវភាពឆ្លាតរបស់កូន ការលូតលាស់របស់កូនក្នុងពោះតូចជាងធម្មតា និងអាចបណា្តលអោយមានភាពខុសប្រក្រតីមួយចំនួនលើកូនក្នុងផ្ទៃ។
- ជាតិកាហ្វេអីន: មិនត្រូវបរិភោគលើសពី 300 មីលីក្រាមក្នុងមួយថ្ងៃទេ។
- ជាតិស្ករ រឺផ្អែម មិនត្រូវបរិភោគច្រើនពេកទេ។
- ជាតិខ្លាញ់ និងកូឡេសស្តេរ៉ុល: ត្រូវកាត់បន្ថយ មកត្រឹមតែ 300 មីលីក្រាមក្នុងមួយថ្ងៃ។
- សាច់ត្រីសមុទ្រធំៗ មួយចំនួន ដូចជាត្រីឆ្លាម: ព្រោះមានផ្ទុកនូវជាតិបារ៉តដែលអាចប៉ះពាល់ដល់សុខភាពកូនក្នុងផ្ទៃ។
- ឈីសដែលមិនបានឆ្លងកាត់ការរំងាប់មេរោគ (unpasteurized) ព្រោះវាអាចផ្ទុកនូវមេរោគ listeria
- សាច់ រឺបន្លៃឆៅ ព្រោះវាអាចមានផ្ទុកនូវពពួកបាក់តេរី ឬសត្វល្អិតមួយចំនួនអាចប៉ះពាល់ដល់កូនក្នុងផ្ទៃ។


“ដើម្បីអោយកូនមានសុខភាពល្អ ប្រាជ្ញាឆ្លាតវៃ ក្រុមការងារវេជ្ជបណ្ឌិត និងគិលានុបដ្ថាកជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត សំណូមពរអោយអ្នកមា្តយគ្រប់រូបត្រូវចេះជ្រើសរើសអាហារបរិភោគដែលប្រកបដោយផាសុកភាពទាំងក្នុងអំឡុងពេលមានផ្ទៃពោះ និងពេលបំបៅដោះកូន។”

ប្រភព៖ មន្ទីពេទ្យកាល់ម៉ែត

No comments:

Powered by Blogger.